អន្តរជាតិ ៖ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសថា កិច្ចការងារទាំងឡាយពាក់ព័ន្ធនឹង ច្បាប់ធ្វើបត្យាប័នជនសង្ស័យឲ្យអាជ្ញាធរចិនដីគោក ដែលជាដើមហេតុនៃការផ្ទុះមហាបាតុកម្ម និងអំពើហិង្សាយ៉ាងកក្រើកនាពេលកន្លងមកនេះ គឺបានរលាយអស់ហើយ។
ស្ថិតនៅចំពោះមុខក្រុមអ្នកកាសែត កំឡុងការធ្វើសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារនេះ លោកស្រី ឡាំ បានគូសបញ្ជាក់ថា «ភាពតានតឹង ការប្រឈមមុខគ្នា និងភ្លើងកំហឹងរបស់ប្រជាពលរដ្ឋហុងកុង គឺបណ្តាលមកពីផែនការចង់អនុម័តច្បាប់ធ្វើបត្យាប័នជនសង្ស័យរបស់រដ្ឋបាលទីក្រុងហុងកុងសុទ្ធសាធ»។ លោកស្រី ឡាំ បានបន្តថា «ប្រជាជនហុងកុងភាគច្រើន នៅតែមានមន្ទិលសង្ស័យអំពីភាពស្មោះត្រង់ និងភាពប្រាកដប្រជារបស់រដ្ឋបាលហុងកុង ឬក៏នៅតែមានក្តីបារម្ភថា តើរដ្ឋបាលហុងកុងនឹងចាប់ផ្តើមផែនការចម្រូងចម្រាសនេះ ឡើងវិញនាពេលអនាគត ឬយ៉ាងណា?។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា ពុំមានគម្រោងបែបនេះឡើយ និយាយឲ្យច្បាស់លាស់ទៅ គឺផែនការនេះបានស្លាប់ទៅតាមខ្យល់បាត់ហើយ»។
ពលរដ្ឋរហុងកុងធ្លាប់រស់នៅដោយមានសេរីភាព ក្រោមការគ្រប់គ្រងរបស់អង់គ្លេស បើទោះបីហុងកុងបានសងទៅឲ្យចិនក្តី តែកោះនេះនៅមានសិទ្ធគ្រប់គ្រងរដ្ឋបាលដោយស្វាយ័ត្នពីចិនដីគោក។ ហេតុផលទាំងនោះហើយបានជាពលរដ្ឋហុងកុងមិនចង់ឲ្យមានច្បាប់បញ្ជូនខ្លួនទៅកាន់ចិននោះឡើយ ៕