រាជធានីភ្នំពេញ ៖ នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ លុច្សសារី ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅយប់ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបាន មនុស្សជាង៤០០នាក់ នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹង នៅក្នុងពិធីចូលរួមហូបនំបញ្ចុកជាមួយកម្មករ កម្មការិនី ប្រជាពលរដ្ឋ ១៦២០នាក់ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ។
ក្នុងឱកាសអញ្ជើញដឹកនាំកម្មករ កម្មការិនី ហូបនំបញ្ចុកសាមគ្គីជាតិ នៅខណ្ឌពោធិ៍សែនជ័យ នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងទៅអាជ្ញាធរធ្លាប់បានណែនាំជាច្រើនលើកច្រើនសារហើយ ដល់ម្ចាស់ទីតាំងក្លឹបកម្សាន្ដខាងលើនេះ ប៉ុន្ដែហាក់គ្មានប្រសិទ្ធភាពនោះទេ ពោលម្ចាស់ទីតាំងនៅបន្ដបើកដដែលមិនថា យប់ថ្ងៃនោះឡើយ ដោយបង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត រហូតប៉ុន្មានថ្ងៃមុននេះ មានករណីបាញ់បោះផងដែរ។
លោកបានបញ្ជាក់ថា៖ នៅពេលនេះយើងកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ម្ចាស់ក្លឹបយកផ្តន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា៖ គិតរហូតមកដល់ពេលនេះ មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៤០០នាក់នោះ កំពុងធ្វើការពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀនជិតរួចរាល់ហើយ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ មិនទាន់អាចបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែល មានសារធាតុញៀន នៅក្នុងខ្លួននោះទេ? ប៉ុន្ដែសមត្ថកិច្ចកំពុងតែដុតដៃដុតជើងលើកការងារនេះ ឲ្យទៅតាមនីតិវិធី។ ទន្ទឹងមនឹងនេះ សមត្ថកិច្ចពាក់ព័ន្ធក៏មិនទាន់បានបង្ហាញអំពីអត្ដសញ្ញាណម្ចាស់ទីតាំងក្លឹប «លុច្សសារី» ថាឈ្មោះអ្វី ដែលមានតួនាទីជាម្ចាស់នៅឡើយ៕