ខេត្តរតនគិរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ត្រង់ចំណុចឡើងចំណោតទួលបឹងកំសាន្ត ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ដោយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកដីខ្សាច់ឡើងចំណោតមិនរួច រយ៉ែថយក្រោយ កិនម៉ូតូអ្នកធ្វើដំណើរលើដងផ្លូវអស់ជាច្រើនគ្រឿង ប៉ុន្តែសំណាងល្អ តៃកុងលោតចេញទាន់ពេល ហើយបន្តទៅកិនម៉ូតូរ៉ឺម៉កដឹកផ្ទះនិងកិនមនុស្សស្លាប់ម្នាក់ រីឯម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហ៉ិយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-8557 បានដឹកដីខ្សាច់ពេញប្រៀបចេញពីស្រុកវើនសៃឆ្ពោះចូលមកក្រុងបានលុង ខណ:មកដល់ត្រង់ចំណុចកើតហេតុខាងលើបានបើកប៉ះនិងរ៉ឺម៉កម៉ូតូដឹកផ្ទះ ស្រាប់តែអកហ្សឺឡើងចំណោតមិនរួចក៏រយ៉ែថយក្រោយ ខណ:នោះដែរតៃកុងរថយន្តឃើញសភាពការមិនស្រួល ក៏បានលោតចោលរថយន្ត ហើយរថយន្តបានរយ៉ែថយក្រោយមកកិនម៉ូតូអស់ចំនួន៤គ្រឿង តែសំណាងល្អអ្នកជិះម៉ូតូទាំងនោះបានលោតចោលម៉ូតូចេញទាន់ ហើយបន្តមកកិនរ៉ឺម៉កម៉ូតូដឹកផ្ទះ បណ្តាលឲ្យមេជាងផ្ទះម្នាក់បានស្លាប់នៅក្រោមកង់រថយន្តបែកក្បាលចេញខួរ និងម្នាក់ទៀតជាកូនជាងបានរងរបួសជាទម្ងន់ ហើយអ្នកបើកបររថយន្តដាក់មេប្រូចបឹទសាប៊ូគូទរត់បាត់ស្រមោលតែម្តង។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡស់ សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បានស្លាប់ភ្លាមៗនៅនិងកន្លែង។ ម្នាក់ទៀតកូនជាង ឈ្មោះ សៅ សុវណ្ណារី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រងរបួសធ្ងន់ បាក់ចង្កេះនិងបែកផ្លោកនោម ត្រូវបានសាច់ញាតិដឹកបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តយកទៅព្យាបាលនៅប្រទេសវៀតណាម។
ក្រោយកើតហេតុនគរបាលចរាចរណ៍បានចុះមកធ្វើការអន្តរាគមន៍សម្រួលចរាចរណ៍នៅកន្លែងកើតហេតុកុំឲ្យកកស្ទះលើដងផ្លូវ និងបានដឹកសពយកទៅដំម្កល់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែករថយន្តបង្ករួមទាំងមធ្យោបាយជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធី៕