អន្តរជាតិ ៖អាជ្ញាធរនិយាយថា អ្នកទោសទាំងនេះភាគច្រើនស្លាប់ដោយសារការរឹតក និងខ្លះទៀតត្រូវគេចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃតែម្តង អំឡុងជម្លោះរវាងក្រុមបងធំក្នុងពន្ធនាគារទាំងប៉ុន្មានខាងលើនេះ។ អាជ្ញាបញ្ជាក់ថា ជម្លោះរវាងក្រុមអ្នកទោសជាបងធំបានបណ្ដាលឱ្យមនុស្ស ១៥នាក់ស្លាប់ កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅពន្ធនាគារ អានីស៊ីយ៉ូ ហ្សូប៊ីម (Anisio Jobim) ស្ថិតនៅក្នុងទីក្រុង ម៉ាណូស (Manaus) នៃរដ្ឋ អាម៉ាហ្សូណាស់ (Amazonas)។
អាជ្ញាធរប្រទេសប្រេស៊ីលបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៥៧នាក់ហើយ ក្រោយអ្នកយាមពន្ធនាគាររកឃើញសាកសពអ្នកទោសបន្ថែមទៀត នៅក្នុងពន្ធនាគារកើតហេតុចំនួន ០៤កន្លែងផ្សេងគ្នាស្ថិតនៅឯភាគខាងជើងនៃប្រទេស។ នេះតាមភ្នាក់ងារព័ត៌មានចិនស៊ីនហួររាយការណ៏។
ដោយឡែកនៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ឆ្មាំពន្ធនាគារប្រេស៊ីល ក៏បានឱ្យដឹងដែរថា ពួកគេបានរកឃើញសាកសពអ្នកទោស ៤២នាក់បន្ថែមទៀត នៅក្នុងពន្ធនាគចំនួន ០៤ផ្សេងពីគ្នាក្នុងទីក្រុង Manaus ខណៈអាជ្ញាធរគ្រប់គ្រង ស្ថានការណ៍ឡើងវិញ ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នកទោសណាម្នាក់រត់រួចខ្លួន ឬឆ្មាំពន្ធនាគាររងរបួសនោះដែរ៕