ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទ បន្ទាប់ទទួលកំណត់ហេតុបណ្ដឹងរបស់នារី១រូប នៅឃុំត្នោតជុំ ស្រុកក្រគរ ។ ហេតុការណ៍ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីរួមភេទនេះ បានអនុវត្តនារសៀលថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកក្រគរបង្ហើបឲ្យដឹងថា យោងតាមកំណត់ហេតុបណ្ដឹងបញ្ជាក់អះអាងរបស់នារីរងគ្រោះឈ្មោះ ទ សថ ហៅ(ព) អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ នៅវេលាម៉ោង៩ និង០០នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ឈ្មោះ សំ បានទូរស័ព្ទហៅខ្លួនមកលេងផ្លូវថ្មី ខ្លួនបានដើរទៅខាងក្រោយផ្ទះចម្ងាយប្រមាណ៦០០ម៉ែត្រ ក៍ឃើញជនសង្ស័យ(សេត ផាសំ ហៅសំ) និងឈ្មោះ លុច ដោយម៉ូតូ១គ្រឿង គ្រានោះជនសង្ស័យបាននាំខ្លួនទៅអូរក្បែនោះ និងសុំខ្លួនប្រាណបានសម្រេចម្ដង បន្ទាប់បានឌុបនាងទៅផ្ទះរបស់គាត់(ជនសង្ស័យ)ដោយខ្លួនអង្គុយកណ្ដាល នៅម្ដុំខាងជើងវត្តត្បែង ស្ថិតនៅភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ លុះនៅវេលាព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល ជនសង្ស័យបានចាប់រំលោភនាងបានសម្រេចចំនួន២ដងទៀត បន្ទាប់មកជនសង្ស័យ(សំ)មិនទទួលខុសត្រូវអ្វីទាំងអស់ ទើបនាងសម្រេចចិត្តមកដាក់ពាក្យប្ដឹងតែម្ដង ។
ប្រភពដដែលបង្ហើបបន្តទៀតថា ជនសង្ស័យឈ្មោះ សេត ផាសំ ហៅសំ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបញ្ជាក់អះអាងថា ខ្លួនបានស្គាល់នាង និងមានទំនាក់ទំនងស្រលាញ់គ្នា ក្នុងអំឡុងដើមឆ្នាំ២០២០ គ្រាដែលធ្វើសំណង់ជាមួយគ្នា នៅចំណុចដំណាក់ក្រាញ់ ស្ថិតនៅភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ថែមទាំងស្មោះស្ម័គ្រគ្នារហូតរួមភេទបានសម្រេចចំនួន៣ដងរយៈពេលមួយសប្តាហ៍ បន្ទាប់មកទៀតក៍បានបែកគ្នាដោយសារបងប្រុសរបស់នាងថាខ្លួនមិនសាកសមប្អូនស្រីគាត់ទេ ខ្លួនក៍បានចេញដំណើរទៅរកការងារធ្វើនៅឯរាជធានីភ្នំពេញ ។ បន្ទាប់មកទៀតក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ ខ្លួនបានទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈទូរស័ព្ទ លុះនៅវេលាកើតហេតុខាងលើ នាង(ព)បានទូរស័ព្ទហៅខ្លួនដើម្បីដើរលេង ខណៈដឹងខ្លួនមកលេងស្រុក ខ្លួនជា(ជនសង្ស័យ)បានទៅជួបនាងដល់កន្លែងតាមការណាត់ និងបានរួមភេទដោយស្ម័គ្រចិត្តប្រាកដមែន ពុំមានកាំបិត និងមានការបង្ខិតបង្ខំអ្វីទាំងអស់ គ្រានោះខ្លួនជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែនាងទូរស័ព្ទប្រាប់ថាមកយកខ្ញុំផង ឪពុកខ្ញុំមិនឲ្យចូលផ្ទះទេ ក៍ត្រឡប់ទៅឌុបនាងយកមកដេកជាមួយផ្ទះរបស់ខ្លួន និងរួមភេទមែន លុះព្រឹកឡើងប្រាប់នាងឲ្យទៅផ្ទះវិញទៅកុំឲ្យឪពុកម្ដាយរករឿង ចំណែកខ្លួនគេ(ជនសង្ស័យ)បានចេញដំណើរទៅជួយច្រូតស្រូវបងប្រុស ។
ពាក់ព័ន្ធករណីអ្នកទោសស្នេហាដ៍កំសត់ខាងលើ លោកវរៈសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ដោយមានការសម្របសម្រួលពីអភិបាលខេត្ត និងមន្រ្តីអនុវត្តច្បាប់ផងនោះ ឪពុកម្ដាយខាងស្រីសម្រេចបើកចិត្តដ៍គំរូមួយ ទទួលយកកូនកំលោះប៊ិសក្លាយជាអ្នកទោសស្នេហារូបនេះ ទៅនៅជាមួយហើយឲ្យខំរកលុយដើម្បី ដើម្បីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ៕