ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ ២០០គ្រួសារ ដែលស្ថិតនៅតំបន់ដាច់ស្រយាលពីទីប្រជុំជន ទទួលបានអំណោយពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះអាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ បានដឹកនាំមន្ត្រីក្រោមឧិវាទ រួមទាំងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ ពិនិត្យពីការរស់នៅ និងការនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧត្ថម្ភប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារ មកពីភូមិចំនួន ៤ ស្ថិតនៅក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។
អភិបាលស្រុកបុរីអូស្វាយសែនជ័យ លោក លី មិនា បានថ្លែងថា ឃុំកោះស្នែង គឺជាដែនដីកោះដែលស្ថិតនៅទីដាច់ស្រយាល មានភូមិសាស្ត្រលំបាក ហើយប្រជាពលរដ្ឋដែលរស់នៅលើដែនដីកោះនេះ មិនទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយទេ និងប្រជាពលរដ្ឋទាំងអស់មាន ៦៣៥គ្រួសារ និងមានពលរដ្ឋក្រីក្រ ១៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៤ គឺភូមិកោះស្នែង ភូមិកោះស្រឡៅ ភូមិកោះកី និងភូមិជាំធំ ។ លោកបានបញ្ជាក់ថា ក្រោមការគិតគូពីប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ ១៧៧គ្រួសារ នៅក្នុងស្រុកបូរីអូរស្វាយសែនជ័យ បានទទួលការបំពាក់អគ្គីសនីសូឡាខ្នាតធំ ចាប់ពី៨០វ៉ាត់ ដល់៣២៥វ៉ាត់ ក្នុងជំហ៊ានទី១ ដោយការបង់រំលួសក្នុងគម្រោងមូលនិធី អគ្គសនីភាវូនីយកម្មជនបទ ដោយមានការឧបត្ថមធានាពីរាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាល បានចេញថ្លៃដើម១ចំណែក និងតម្លៃនៅសល់ គឺអ្នកជាវបង់រំលួសបន្ថែម និងនៅក្នុងឃុំកោះស្នែង ក៏ទទួលបាន ៣៨គ្រឿងក្នុងជំហ៊ានទី១នោះ កាលពីខែសីហាឆ្នាំ២០២០ កន្លងទៅនេះផងដែរ ៕