រាជធានីភ្នំពេញ ៖ កម្លាំងនៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ផ្សព្វផ្សាយនិងលក់កាំភ្លើង គ្រប់ប្រភេទតាមបណ្ដាញសង្គមFacebook។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំការស្រាវជ្រាវ និងបង្ក្រាបករណីនេះបានបញ្ជាក់ថា ជនសង្ស័យនេះបានបង្កើត គណនី facebook ជាច្រើន ដែលសុទ្ធតែជា គណនីក្លែងក្លាយ ហើយបានធ្វើការផ្សព្វផ្សាយលក់កាំភ្លើងខ្លីទំនើបៗ, កាំភ្លើងបាញ់សត្វ និងកាំភ្លើងហ្គាសគ្រប់ប្រភេទ ដោយធ្វើការនាំចូលពី ប្រទេសជិតខាងយកមកលក់ក្នុងទឹកដីកម្ពុជាតែម្ដង។ ក៏ប៉ុន្តែក្នុងចំណោមគណនីយហ្វេសប៊ុកគេទាំងនេះមាន គណនីយខ្លះគឺប្រើសម្រាប់បោកប្រាស់អ្នកទិញតែម្ដង គឺនៅពេលដែលកម្មង់ទិញឥវ៉ាន់ហើយ គេតម្រូវឲ្យអ្នកទិញ វេរលុយឱ្យគេទាំងអស់ ហើយភាគច្រើនគេមិនបានផ្ដល់ទំនិញឲ្យនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា នគរបាលបច្ចុបន្នកម្លាំងនគរបាលរបស់នាយកដ្ឋានកំពុងរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅ តុលាការ ៕