អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្ស ៤ នាក់បានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងឧប្បត្តិហេតុឡានធ្លាក់ចូលទន្លេនៅរដ្ឋ Shan នៃប្រទេសមីយ៉ាន់ម៉ា។នេះបើយោងតាមប្រភពពីសារព័ត៌មាន ស៊ិនហួរ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតភូមិ Naunghin នៃស្រុក Muse នៅវេលាម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ។
រថយន្តមួយគ្រឿងដែលផ្ទុកមនុស្ស ៧ នាក់បានធ្លាក់ពីទូកចូលទន្លេ Shweli នៅពេលដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត។ អ្នកបើកបរ និងស្ត្រី ២ នាក់បានគេចចេញពីរថយន្តដែលលិចនោះរួច ប៉ុន្តែម្នាក់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជាមួយគ្នានេះដែរមានស្ត្រី ៣ នាក់ និងក្មេងម្នាក់ទៀតត្រូវបានគេសន្និដ្ឋានថាបានជាប់នៅក្នុងរថយន្ត។ សាកសពស្ត្រី ៣ នាក់ត្រូវបានរកឃើញនៅម៉ោង ១ រសៀលម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ និងក្មេងម្នាក់ទៀតនៅតែបាត់ខ្លួន ហើយប្រតិបត្តិការស្រាវជ្រាវស្វែងរកនៅតែបន្ត៕