ខេត្តកោះកុង ៖ ជនជាតិអាល្លឺម៉ង់ម្នាក់បានស្លាប់នៅក្នុងបន្ទប់លេខ B01 នៃផ្ទះសំណាក់ យីហោភ្នំមាស ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីវេលាម៉ោង ៥.០០នាទីល្ងាច នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានថ្លែងអោយដឹងថា ជនបរទេសដែលស្លាប់ខាងលើមានឈ្មោះ Leihenseder Bruno Michael ភេទប្រុស អាយុ៧២ឆ្នាំ សញ្ជាតិ អាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C8R2Z689N ផុតកំណត់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនរងគ្រោះខាងលើបានចូលមកកាន់ប្រទេសកម្ពុជាតាមច្រកអន្តរជាតិចាំយាម ហើយបានចូលមកស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ភ្នំមាស កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខB01 វេលាម៉ោង៨.៣០នាទីព្រឹក ។
ប្រភពដដែលបានបន្តថា តាមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង ដួលក្នុងបន្ទប់ទឹក ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានស្ថានទូតមកទទួលយកទៅ ដើម្បីធ្វើការទំនាក់ទំនងសាច់ញាតិ ៕