ខេត្តកោះកុង ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រោងចក្រចំនួន១៣៨៦៦នាក់ ដែលមកពីសហគ្រាសចំនួន៧ នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ។ នៅក្នុងពិធីជួបសំណេះសំណាលនេះដែរ សម្តេចក៏បានផ្តល់ជូននូវថវិការមួយចំនួនដល់កម្មករ កម្មការិនី ពិសេសគឺសម្តេចបានផ្តល់ជូននូវថវិការផ្ទាល់ដៃដល់កម្មការិនីដែលមានផ្ទៃមួយចំនួន៥៤៦នាក់ ។
នៅក្នុងនេះដែរសម្តេចក៏បានលើកឡើងថាបញ្ហាប្រឈមខ្លាំងរបស់ខេត្តកោះកុងនាពេលបច្ចុប្បន្ន គឺខ្វះខាតនួវទឹកសាបសម្រាប់ប្រើប្រាស់ ហើយសម្តេចក៏បានផ្តល់សិទ្ធិអោយក្រុមហ៊ុន អ្នកឩកញ៉ា លី យ៉ុងផាត់ ត្រូវសាងសង់កន្លែងស្តុកទឹក និងតបណ្តាញទឹកក្នុងរយះពលេវែង ដើម្បីយកទឹកពីខេត្តត្រាត (ប្រទេសថៃ) ដើម្បីធ្វើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ។
រួមជាមួយគ្នានេះដែរសម្តេចក៏បានផ្តាំផ្ញើរនិងបញ្ជាក់ដល់ក្រុមហ៊ុន អ្នកឩកញ៉ា លីយ៉ុងផាត់ រួមទាំងអាជ្ញាធរខេត្តក៏ដូចជាមន្ត្រីជំនាញត្រូវខិតខំតបណ្តាញទឹកសាបអោយបានទាន់ពេលវេលា ដើម្បីកុំអោយប្រជាពលរដ្ឋអត់ទឹកប្រើប្រាស់ ។
បន្ទាប់ពីពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រជាង១ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីក្នុងការកាត់ខ្សែបូរសម្ភោធដាក់អោយប្រើប្រាស់នូវអនុវិទ្យាល័យចាំយាម ខេត្តកោះកុង ដែលជាសមិទ្ធផល និងជាអំណោយដ៏ថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ៕