អន្តរជាតិ ៖ ក្រុមមន្ត្រីបាននិយាយនៅរសៀលថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់អគារលំនៅដ្ឋានកម្ពស់ ៣ ជាន់ នៅក្នុងប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃចន្ទ័ ទី២១ ខែកញ្ញា បានកើនឡើងដល់ ១៥ នាក់ ខណៈដែលមនុស្ស ២៥ នាក់នៅតែត្រូវគេគិតថាជាប់ក្នុងគំនរបាក់បែក ។នេះបើយោងតាមប្រភពពី CNA។
អាជ្ញាធរមូលដ្ឋានបាននិយាយថា គ្រោះថ្នាក់នៅក្នុងទីក្រុង Bhiwandi ដែលនៅជិតរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌាបានកើតឡើងនៅម៉ោងប្រហែល ៣ និង ៤០ នាទីព្រឹកថ្ងៃចន្ទ ខណៈដែលអ្នកស្រុកកំពុងដេកលក់ ហើយមនុស្សប្រមាណ ២៥ គ្រួសារកំពុងស្នាក់នៅក្នុងអគារនៅពេលហេតុការណ៍នេះកើតឡើង ។
អ្នកស្រុកបានស្រែកអបអរសាទរ ខណៈបុគ្គលិកសង្គ្រោះបន្ទាន់មកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) បានជួយសង្គ្រោះមនុស្ស ២០ នាក់ដែលក្នុងនោះរួមមានទាំងក្មេងប្រុស ២ នាក់អាយុ ៤ ឆ្នាំនិង ៧ ឆ្នាំពីគំនរបាក់បែក ។
អ្នកនាំពាក្យ NDRF បានប្រាប់អ្នកយកព័ត៌មានថា បុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញសាកសពចំនួន ១៥ នាក់ពីគំនរបាក់បែក ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតនៅតែជាប់ក្រោមកម្ទេចកម្ទីនៅឡើយ ៕