ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសនៅចំពោះមុខលោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ថា លើកក្រោយបើចាប់ម្ចាស់ដែលជាអ្នកផលិតផលក្លែងក្លាយមិនបានទេ គឺសម្តេចនឹងមិនចូលរួមក្នុងការដុតបំផ្លាញចោលទៀតទេ។
សម្តេច ស ខេង បញ្ជាក់ថា “ដាក់បទបញ្ជាទៅគណៈកម្មាធិការថា លើកក្រោយ… មិនមែនថា ចង់កាត់ទោសអ្នកនេះ អ្នកនោះទេ លើកក្រោយបើថា ចាប់បានផលិតផលហ្នឹងហើយ ត្រូវតែចាប់បានម្ចាស់ បើមិនចាប់បានម្ចាស់ទេ ខ្ញុំមិនមកបំផ្លាញទៀតទេ នេះលក្ខខ័ណ្ឌខ្ញុំស្តាប់ឲ្យបាន។ បើគ្រាន់តែចាប់បានផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបានអស់ផលិតផលក្លែងក្លាយ? បើមិនព្រមចាប់ម្ចាស់អ្នកផលិត។ លក្ខខ័ណ្ឌបើចង់ឲ្យខ្ញុំមក ត្រូវចាប់ម្ចាស់ ឬអ្នកទទួលខុសត្រូវ លើផលិតផលក្លែងក្លាយនេះ”។
សម្ដេចបានគូសបញ្ជាក់ថា ផលិតផលដែលកម្ទេសចោលនៅថ្ងៃនេះ ភាគច្រើនត្រូវបានបង្ក្រាបចេញពីឃ្លាំងលួចលាក់ ហើយសម្ដេចបានចោទជាសំណួរថាតើក្រុមជនទុច្ចរិត នឹងបន្តនាំផលិតផលទាំងអស់នេះប៉ុន្មានទៀតចូលកម្ពុជា ។ ដូច្នេះសម្ដេចបានស្នើឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងភាគីពាក់ព័ន្ធបន្តធ្វើការងារនេះដោយយកចិត្តទុកដាក់បំផុត។ សម្ដេចបានក្រើនរំលឹកថា យើងមិនអាចនៅតែបក់ផ្សែងក្នុងបញ្ហានេះរហូតឡើយ។
ផលិតផលក្លែងក្លាយ ខូចគុណភាព ដែលយកមកកម្ទេចចោលនៅផ្លូវ៦០ម៉ែត្រ រួមមាន ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ ទឹកសុទ្ធម៉ាក Evian, Saint Amanda, Montcalm ជិត៦ពាន់កេស និងផលិតផលជីកសិកម្មជិត៨តោន សរុបទាំងអស់ មានជាង៧០តោន។
កន្លងមក យ៉ាងហោចណាស់ មាន៣លើករួចមកហើយ ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានរៀបចំពិធីកិនកម្ទេចផលិតផលក្លែងក្លាយខុសច្បាប់ ។
វាហាក់បីដូចជាវប្បធម៏មួយដែលចាប់បានតែវត្ថុតាងបទល្មើសចំណឬកជនប្រព្រិត្តបទល្មើសគឺចាប់បានតែខ្យល់៕