ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងទឹកប្រឡាយ ដោយសារឆ្លងចរន្តអគ្គីសនី នៅគ្រាដែលគាត់ព្យាយាមរាយខ្សែភ្លើងចេញពីផ្ទះ ឆ្ពោះទៅទិសខាងជើងដើម្បីឆក់ត្រី ប៉ុន្តែជាអកុសលក៍ភ្លាត់ស្នៀតបែបនេះ ។
ហេតុការណ៍ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកប្រឡាយខាងជើងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៧០ម៉ែត្រ ស្ថិតនៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ឃន ឃី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ សង្កាត់កើតហេតុខេងលើ ៕