អន្តរជាតិ ៖ ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំងកូវីដរបស់រុស្ស៊ី ស្របពេលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសកូរ៉ូណា។ នេះបើយោងតាមប្រភពពី CNA។
ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងកូវីដមួយឈុតធំដំបូងបង្អស់របស់ពិភពលោកនឹងត្រូវដាក់ឲ្យដំណើរការក្នុងរយៈពេល២សប្តាហ៍ខាងមុខ ដោយបដិសេធការព្រួយបារម្ភរបស់អ្នកជំនាញមួយចំនួនអំពីសុវត្ថិភាពនៃវ៉ាក់សាំងដ៏ឆាប់រហ័សរបស់រុស្ស៊ីនេះ។ ក្រសួងសុខាភិបាលវៀតណាម បានប្រាប់ទូរទស្សន៍វៀតណាម (VTV) ថា “ក្នុងពេលនេះ ប្រទេសវៀតណាមនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងកូវីដផ្ទាល់ខ្លួនរបស់ប្រទេស”។
ក្រសួងមិនបានបញ្ជាក់ថាតើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដូសដែលខ្លួនបានកុម្ម៉ង់ទិញឬនៅពេលណាដែលខ្លួនរំពឹងថានឹងទទួលបាននោះទេ។ ក្រសួងបានឲ្យដឹងកាលពីខែមុនថា វ៉ាក់សាំងផលិតដោយផ្ទាល់របស់ប្រទេសវៀតណាមនឹងមាននៅចុងឆ្នាំ២០២១។ ពីដំបូងឡើយ ប្រទេសវៀតណាមត្រូវបានគេសាទរចំពោះការទប់ស្កាត់ជំងឺកូវីដតាមរយៈការធ្វើតេស្ត ការតាមដានទំនាក់ទំនងនិងការធ្វើចត្តាឡីស័កប៉ុន្តែឥឡូវនេះខ្លួនកំពុងតស៊ូជាមួយការឆ្លងរោគនៅទីតាំងជាច្រើនដែលជាប់ទាក់ទងនឹងទីក្រុង Danang ដែលជាកន្លែងការផ្ទុះឡើងថ្មីត្រូវបានគេរកឃើញកាលពីថ្ងៃទី២៥ខែកក្កដា។
គិតត្រឹមថ្ងៃសុក្រទី១៤ខែសីហានេះ ប្រទេសវៀតណាមបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួន៩១១នាក់និងមានអ្នកស្លាប់ចំនួន២១នាក់។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃមេរោគនេះគឺខ្ពស់ណាស់ហើយបាននិយាយថានៅប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស៕