រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំកំពូលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃនេះបានអំពាវនាវដល់ប្រជាពលដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពនៅរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះ មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើកច្រើនសារបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាច្រើនខ្នង ។
សម្តេច ហ៊ុន សែន បានសរសេរបង្ហោះនៅលើបណ្តាញហ្វេសប៊ុកដោយមានខ្លឹមសារថា « ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អនៅក្នុងរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះមានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ ។
សម្តេចបានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ទន្ទឹមនឹងនេះដែរ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើងពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ចុងបញ្ចប់នៃសារដ៏មានខ្លឹមសារនោះ សម្តេចនាយករដ្ឋមន្ត្រីបន្តរម្លឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19 ទាំងអស់គ្នា ៕