អន្តរជាតិ ៖ កាលពីល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា នេះ ឧប្បត្តិវហេតុផ្ទុះឃ្លាំងស្ដុកសារធាតុ អាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) ដ៏ខ្លាំងក្លាមួយបានកើតឡើងនៅតំបន់កំពង់ផែក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់ និងបានបណ្តាលឲ្យមនុស្សជាង១០០នាក់បានបាត់បង់ជីវិតនិងជាង៤០០០នាក់ផ្សេងទៀតបានរងរបួស។
ទាក់ទងនឹងឧប្បត្តិវហេតុខាងលើនេះ រដ្ឋាភិបាលលីបង់បានលើកឡើងថា “សារធាតុ អាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) ដែលមានសមត្ថភាពផ្ទុះដ៏សម្បើម” ខាងលើ ត្រូវបានរក្សាទុកនៅទីតាំងផ្ទុះដែលស្ថិតនៅភាគខាងជើងតំបន់ឧស្សាហកម្មដែលជាតំបន់ប្រមូលផ្តុំទៅដោយមន្ទីរពេទ្យ វិហារអ៊ីស្លាម ព្រះវិហារសាសនា និងសាកលវិទ្យាល័យជាច្រើននៅក្បែរនោះ។
គិតត្រឹមយប់ថ្ងៃអង្គារ៍ម្សិលមិញនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា “តើការផ្ទុះខាងលើនេះ គឺជាលទ្ធផលនៃគ្រោះថ្នាក់ឬជាការវាយប្រហារដោយចេតនាឫយ៉ាងណា?”។
សូមជម្រាបថា សោកនាដកម្មខាងលើនេះ បាននាំមកនូវភាពសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់រាប់សិបនាក់ និងបន្សល់ជនរងគ្រោះដែលជាប្រជាពលរដ្ឋលីបង់រាប់ពាន់នាក់៕