រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ឃ្លាំងកំពុងសាងសង់ មួយកន្លែងនៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោកម្មករផ្សាដែកម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែចរន្តអគ្គិសនីឆ្លងតាមជណ្ដើរដែក១ដើមដែលបុរសនេះកាន់ទប់ឲ្យកម្មករ២នាក់ទៀតឡើងទៅផ្សាដែកនៅលើដំបូល តែទប់អត់ឈ្នះក៏ដួលរលំទៅលើខ្សែភ្លើងនៅលើធ្នឹមរបងបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ។
ជនរងគ្រោះរូបនោះត្រូវបានគេស្គាល់ឈ្មោះ ម៉ូ រ៉ារដ្ឋាអាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានឃ្លាំងកើតហេតុខាងលើ ដែលគាត់និងម្ចាស់ឃ្លាំងគឺជាបងប្អូននិងគ្នាផងដែរ ហើយនិងមានទីលំនៅបច្ចុប្បន្ននៅភូមិត្រើយត្រឹង ឃុំព្រៃកអំបឹល ស្រុកស្អាង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះរូបនេះនិងកម្មកររួមការងារបាននាំគ្នាលើកជណ្ដើរ១ដើមបញ្ឈរ បន្ទាប់មកជនរងគ្រោះជាអ្នកឈរកាន់់ ទប់ជណ្តើរដែក១ដើមនោះដើម្បីឲ្យកម្មករ២នាក់ទៀតឡើងទៅផ្សាដែកនៅលើដំបូលឃ្លាំងដែលកំពុងសាងសង់។លុះពេលអ្នកទាំង២នាក់នោះឡើងផុត ជនរងគ្រោះក៏បានដកជណ្ដើរចេញដើម្បីផ្ដេក ប៉ុន្តែដោយសារតែជណ្ដើរវែងប្រវែង៧,២០ម៉ែត្រធ្ងន់ពេកទប់អត់ជាប់ ទើបបណ្ដាលឲ្យដួលលើខ្សែភ្លើងនៅលើរបងដែលស្ថិតនៅក្បែរនោះ បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗតែម្ដង៕