អន្តរជាតិ ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ថា ប្រទេសថៃនឹងពន្យារពេលច្បាប់គ្រាអាសន្នរហូតដល់ចុងខែសីហាដោយរក្សានូវវិធានការណ៍សន្តិសុខដែលមានដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា។នេះបើយោងតាមប្រភពពី CNA។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរយៈពេលជិត២ខែដោយគ្មានការចម្លងក្នុងសហគមន៍និងចំពេលដែលប្រជាជនថៃជាច្រើនកំពុងសាកសួរអំពីតម្រូវការនៃច្បាប់គ្រាអាសន្ននេះ។
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោក Somsak Roongsita បាននិយាយថា “វានៅតែចាំបាច់ដែលត្រូវមានច្បាប់នេះពីព្រោះយើងកំពុងបើកប្រទេសសម្រាប់ការតម្រូវការអាជីវកម្មនិងទេសចរណ៍បន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ច”។ លោកបានបន្ថែមថា ក្រុមគ្រូពេទ្យបានស្នើសុំឲ្យច្បាប់នេះត្រូវពន្យារ។
ការពន្យារនេះបានកើតឡើងបន្ទាប់ពីមានការតវ៉ានយោបាយប្រឆាំងនឹងរដ្ឋាភិបាលដោយផ្គើននឹងបម្រាមការប្រមូលផ្តុំកាលពីចុងសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ លោក Somsak បានថ្លែងថា ច្បាប់គ្រាអាសន្ននេះនឹងត្រូវប្រើសម្រាប់តែទប់ស្កាត់វីរុសប៉ុណ្ណោះមិនមែនផ្តោតលើការប្រមូលផ្តុំគ្នាទេ៕