នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០៥នាទីព្រឹក លោក ស៊ុយ ប៊ុនថាន់ ដែលជាជនរងគ្រោះត្រូវគេចាក់សាំងដុតទាំងរស់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ហើយដែលពុំទាន់ទទួលបានភាពយុត្តិធម៏ បានដាក់ពាក្យបណ្តឹងចូលឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំចុះស៊ើបអង្កេតលើមន្ត្រីជាប់ពាក់ព័ន្ធដែលរួមមាន លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងឈ្មោះ លី ស្រេង ជនសង្ស័យជាឧក្រិដ្ឋជន ពាក់ពន្ធ័លើភាពមិនប្រក្រតី ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក ជាប្រព័ន្ធ ករណីចាក់សាំងដុតមនុស្សទាំងរស់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១០៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ និងលេខ១៣០ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។
មូលហេតុដែលជនរងគ្រោះក្លាយទៅជាជនពិការមនុស្សមិនដូចមនុស្ស ខ្មោចមិនដូចខ្មោច ប្តឹងមន្ត្រីធំៗទាំងបួនរូបនៅខេត្តព្រះសីហនុនិងជនសង្សយ័ជាឧក្រិដ្ឋជនចាក់សាំងដុតជនរងគ្រោះផ្ទាល់ដៃ គឺដោយសារតែមានភាពមិនប្រក្រតីជាប្រពន្ធ័ មានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ បំបិទសំណុំរឿងឧក្រិដ្ឋជាក់ស្តែង ផ្អឹបសំណុំរឿងឧក្រិដ្ឋចោល មានចេតនាមិនឃុំខ្លួនឈ្មោះ លី ស្រេង ជនសង្ស័យជាឧក្រិដ្ឋជន ដោយបណ្តោយឲ្យនៅក្រៅឃុំ មានសេរីភាព និងអូសបន្លាយទុកសំណុំរឿងឧក្រិដ្ឋអស់រយ:ពេលជិត២ឆ្នាំ។
រយ:ពេលកន្លងមក ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត និងត្រូវសម្រាកព្យាបាលអស់រយ:ពេល០៦ខែ ដោយជនរងគ្រោះត្រូវទៅឲ្យគ្រូពេទ្យជៀរសាច់ វះកាត់មុខរបួសដែលឡើងក្រាស់ជាប្រចាំ ដើម្បីឲ្យមុខរបួសដែលត្រូវភ្លើងឆេះនេះឲ្យស្តើងដូចស្បែកមនុស្សធម្មតាវិញ ហើយបច្ចុប្បន្ននេះ ដៃជើងរបស់ជនរងគ្រោះមិនអាចដាក់ស្ងៀមបានឡើយ ដោយសារសសៃរលាកភ្លើងនោះចេះតែកន្រ្តាក់ជាប់រហូត ចំណែកថ្លៃចំណាយព្យាបាលតាំងពីមុនហូតដល់បច្ចុប្បន្ន គឺម្តាយនិងប្រពន្ធជនរងគ្រោះលក់ទ្រព្យសម្បត្តិនិងខ្ចីគេដោយយកផ្ទះទៅបញ្ចាំ យកប្រាក់មកព្យាបាលជនរងគ្រោះ ហើយបច្ចុប្បន្នគ្រួសារជនរងគ្រោះក៏ត្រូវខំរកប្រាក់សងបំណុលវណ្ឌក ទាំងរបួសមិនទាន់ជាសះស្បើយនៅឡើយ។
សូមរំលឹកថា រឿងរ៉ាវឃាតកម្មដុតសាំងមនុស្សទាំងរស់បានកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ប្រព្រឹត្តនៅលើផ្កូវលំស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពេលនោះជនសង្សយ័ជាជនល្មើសឈ្មោះ លី ស្រេង ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ មុខរបរអាជីវករ (លក់សំបកកង់រថយន្ត) មានទីលំនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុនប៉ងយកដបសាំងចាក់ដុតមនុស្យទាំងរស់គិតទុកជាមុនមកលើជនរងគ្រោះ ស៊ុយ ប៊ុនថាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងបើកអេស្កាវិទ័រ ឈួសឆាយដីកម្មសិទិ្ធរបស់លោក ស៊ិន វិសាល ហើយក្នុងពេលកើតហេតុនោះ មានអាជ្ញាធរដែនដីជាច្រើនស្ថាប័នចូលរួម សមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថជាច្រើន ព្រមទាំងមន្ត្រីសូរិយាដីជាច្រើននាក់ទៀតផងដែរ កំពុងចុះអនុវត្តដីកាសម្រេចរបស់តុលាការ ៕