ខេត្តស្ទឹងត្រែង ៖ ប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នា
យករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលច្រកទ្វារព្រំដែន(BLO)ធ្វើការក្រសោបបានជនជាតិឡាវពីរនាក់ ។ប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងភូមិសាស្រ្តនៃស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្បែរព្រំដែនប្រទេសឡាវ នាល្ងាចថ្ងៃ
ទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ និង២២នាទី ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជនជាតិឡាវដែលបានចាប់ខ្លួននេះទី១ឈ្មោះ ស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិណាសែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ។និងទី២ឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភៀងញ៉ ស្រុកសៃ ខេត្តឧត្តមសៃ ។ រីឯវត្ថុតាងបទល្មើសគ្រឿងញៀនដែលបង្រ្កាបនិងដកហូតនេះ មានចំនួន៦កញ្ចប់ធំ សុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាស ។
បន្ទាប់ពីចាប់ខ្លួនជនជាតិឡាវទាំងពីរនាក់រួមជាមួយគ្រឿងញៀនបានហើយនោះ កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យពីព្រំដែនកម្ពុជា-ឡាវមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់ភ្លាមៗផងដែរ នឹងបានធ្វើការពិសោធន៍រកប្រភេទសារធាតុញៀនទាំងនោះផងដែរ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់ ៕