ខេត្តកំពង់ធំ ៖ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យក្រោមនយោបាយឈ្នះៗ ជាមួយគ្នានេះយើងឃើញថាហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងបានស្ថាបនាឡើងតាំងពីទីក្រុងរហូតដល់ជនបទ។ យ៉ាងណាមិញសម្រាប់ខេត្តកំពង់ធំបានអភិវឌ្ឍនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាគម្រោងកែលម្អរផ្លូវជនបទពីកម្រាលក្រួសក្រហមមកកម្រាលកៅស៊ូពីរជាន់(DBST)ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី( ADB ) ទៅកាន់ទីជនបទជាតំបន់សមរភូមិប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលដែលជាកន្លែងលំបាកបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានឲ្យដឹងថា ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានស្ថាបនាផ្លូវប្រវែងប្រមាណ១២២ គីឡូម៉ែត្រ ៤០០ ម៉ែត្រ ដែលចែកចេញចំនួន ៤ ខ្សែ ដែលខ្សែទី ១ មានប្រវែង ៤០គីឡូម៉ែត្រ៨០០ ចាប់ពីឃុំបន្ទាយស្ទោង ស្រុកស្ទោង ទៅដល់ភូមិអូរអង្គរ ស្រុកប្រាសាទបល័្លង្ក។ ខ្សែទី២ មានប្រវែង ២០ គីឡូ ១០០ ចាប់ពីភូមិតាអោក ស្រុកប្រាសាទសំបូរ ទៅដល់ភូមិងន ឃុំងន ស្រុកសណ្ដាន់។ ខ្សែទី៣ មានប្រវែង ២០គីឡូម៉ែត្រ ៤០០ ចាប់ពីផ្លូវជាតិលេខ៦ ពីភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ទៅដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល័្លង្ក និងខ្សែទី៤ មានប្រវែង ៣៣ គីឡូម៉ែត្រ ១០០ ចាប់ពីផ្លូវជាតិលេខ៦២ ឃុំសាលាវិស័យ ទៅដល់ឃុំក្រយា ក្នុងស្រុកប្រាសាទបល្ល័ង្ក ។ លោកបានបន្តថា ផ្លូវទាំងអស់នេះបានស្ថាបនាតាំងពីឆ្នាំ ២០១៨ នឹងធ្វើការរួចរាល់នៅចុងឆ្នាំ ២០២០ នេះ ដែលមានទទឹងខ្នងលើ៨ ម៉ែត្រនិងក្រាលកៅស៊ូ ៦ ម៉ែត្រ ។
ជាមួយគ្នានោះដែរ លោក មុំ ចែម បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ នឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ ចាក់ដីខ្ពស់ជាងផ្លូវ និងកុំឲ្យដឹកលើសទម្ងន់ ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរមានការសប្បាយចិត្តជាខ្លាំង ដោយទទួលបានផ្លូវធ្វើដំណើរបានស្រួលឆាប់រហ័ស ដែលកាលពីមុនធ្លាប់លំបាកធ្វើដំណើរជាផ្លូវរទេះ ហើយទឹកលិចជាដើម ។ ក្នុងនោះដែរបងប្អូនក៏មានការសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត សូមឱ្យជួយថែរក្សានិងកុំឲ្យដឹកលើសទម្ងន់ដើម្បីប្រើប្រាស់ផ្លូវបានយូរអង្វែង ៕