ខេត្តបន្ទាយមានជ័យ ៖ គិតទៅឈ្មួញពូកែមែន បិទព្រំដែនកម្ពុជា-ថៃយ៉ាងតឹងរឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ នៅតែមានក្រុមឈ្មួញលួចដឹកគ្រឿងក្នុងជ្រូកដែលខូចគុណភាពចំនួន៩កេស ស្មើ៥៤០គីឡូក្រាមដឹកតាមរថយន្តពីប្រទេសថៃ ដឹកចូលមកខេត្តបន្ទាយមានជ័យតាមច្រករបៀង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបចាប់ឃាត់បាននៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចម្ងាយ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ការឃាត់រថយន្តរបស់ឈ្មួញនេះបានដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងនគរបាលការិយាល័យជំនាញ ធ្វើការទប់ស្កាត់នូវរាល់ទំនិញខូចគុណភាព ពិសេសគឺខុសនឹងសារាចរលេខ០៧ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធានការនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គឺនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់និងការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ ដែលជាហេតុបង្កផលប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកទទួលទាន។ លោកបានបន្តឲ្យដឹងទៀតថា កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបរថយន្តដែលលួចដឹកគ្រឿងក្នុងជ្រូកនោះម៉ាកតូយូតា Srenna ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្កាកលេខ ភ្នំពេញ 2AB.7392 អ្នកបើកមានឈ្មោះ សាយ ជៀន ភេទប្រុស អាយុ៥២ឆ្នាំ នៅក្រុងភ្នំពេញ ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ គ្រឿងក្នុងជ្រូកចម្រុះចំនួន៩កេស មានទម្ងន់ស្មើ៥៤០គីឡូក្រាម តាមការសាកសួរចម្លើយពីឈ្មោះ សាយ ជៀន បានប្រាប់សមត្ថកិច្ចថា ខ្លួនស៊ីឈ្នួលដឹកឲ្យគេ ក្នុងតម្លៃ១កេស៣០.០០០រៀល ពីចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត ទៅដល់ក្រុងភ្នំពេញ ហើយគ្រឿងក្នុងជ្រូកទាំងអស់នេះ បើតាមការឲ្យដឹងពីអ្នកម៉ូតូឌុប ថាយកមកពីថៃតាមបច្រករបៀងនៅស្រុកម៉ាឡៃ ។លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការវេចខ្ចប់គ្រឿងក្នុងជ្រូកទាំងអស់នេះ គឺខុសលក្ខណៈបច្ចេកទេស ដែលនាំឲ្យខូចគុណភាព ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះដែរ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញការិយាល័យពេទ្យសត្វនៃមន្ទីរកសិកម្មខេត្ត នាំយកគ្រឿងក្នុងជ្រូកទាំងអស់នេះ ទៅធ្វើការកំទេចចោល ។ចំណែកអ្នកបើករថយន្ត កម្លាំងនគរបាលនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕