ខេត្តស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះបង្ក្រាបករណីលេងល្បែងស៊ីសងបញ្ជល់មាន់ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ ដកហូតមាន់ជល់ ១៧ក្បាល ប្រាក់ដុល្លារក្លែងក្លាយចំនួន ៥,៦០០ដុល្លារ ព្រមទាំងម៉ូតូ៤គ្រឿង រថយន្ត១គ្រឿង និងលុយខ្មែរជិត៥លានរៀល ។ ការចុះបង្ក្រាបនេះ បានធ្វើឡើងនាវេលាម៉ោង១២៖២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានឱ្យដឹងថា ជនសង្ស័យទាំង៩នាក់រួមមាន ៖
ទី១៖ ឈ្មោះ យិន សាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអង្គកប្បាសឃុំ ស្រុកស្វាយជ្រំ
ទី២៖ ឈ្មោះ ស៊ិន ឡានី ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ
ទី៣៖ ឈ្មោះ សុខ សាវី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ទី៤៖ ឈ្មោះ ចាន់ ហាត់ ភេទស្រី អាយុ៥១ឆ្នាំ រស់ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ទី៥៖ ឈ្មោះ ព្រំ ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី៦៖ ឈ្មោះ ឈួន ចឹក ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិតាប៉ក ឃុំត្រពាំងស្រែ ស្រុកកំពង់ត្របែក ខេត្តព្រែវែង
ទី៧៖ ឈ្មោះ សោម យ៉ាក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ
ទី៨៖ ឈ្មោះ វ៉ា គុណ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ និង
ទី៩៖ ឈ្មោះ ទង វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន ០៤គ្រឿង រថយន្ត ០១គ្រឿង និងមាន់ចំនួន ១៧ក្បាល ប្រាក់ដុល្លារក្លែងក្លាយចំនួន ៥,៦០០ដុល្លារ ប្រាក់ដុល្លារចំនួន ២៩០ដុល្លារ ប្រាក់រៀលចំនួន ៦,៤៨៥,០០០រៀល និងជញ្ជីងចំនួន ០១ផងដែរ។
ក្រោមការសម្របសម្រួលដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រោមបញ្ជាផ្ទាល់ពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់របស់ លោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការអាវុធហត្ថស្រុកស្វាយជ្រំ និងមេបញ្ជាការអាវុធហត្ថក្រុងស្វាយរៀង។