អន្តរជាតិ ៖ ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីល្ងាចថ្ងៃសុក្រ បានគំរាមប្រទេសកូរ៉េខាងត្បូងថា នឹងរងក្តីឈឺចាប់ និងវិប្បដិសារី ដោយសារតែមិនអាចបញ្ឈប់សកម្មភាព ក្រុមបង្ហោះសាររិះគន់របបដឹកនាំកូរ៉េខាងជើង នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ទីក្រុងព្យុងយ៉ាងបានច្រានចោលពាក្យសន្យារបស់កូរ៉េខាងត្បូងថា នឹងដោះស្រាយបញ្ហាក្រុមជនជាតិកូរ៉េខាងជើង ដែលបានលួចរត់ទៅរស់នៅកូរ៉េខាងត្បូង ហើយបាននិងកំពុងប្រមូលផ្តុំគ្នា ធ្វើសកម្មភាពបង្ហោះសារ និងខិត្តប័ណ្ណតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងចំពោះរបបដឹកនាំលោក គីម ជុងអ៊ុន។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង Jang Kum Chol បាននិយាយថា“សេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងស្តាប់ទៅដូចជាការសុំទោស ឬការផ្លាស់ប្តូរចិត្ត ហើយដំណោះស្រាយដែលពួកគេបានលើកឡើង ស្តាប់ដូចជាអាចទុកចិត្តបាន។ ប៉ុន្តែវាពិបាកណាស់ ក្នុងការលុបមន្ទិលសង្ស័យរបស់យើង ថាវាអាចគ្រាន់តែជាល្បិចកលមួយ នៅក្នុងខួរក្បាលឆុងវ៉ាដេ (វិមានប្រធានាធិបតីកូរ៉េខាងត្បូង) ដើម្បីរំដោះខ្លួនពីវិបត្តិបច្ចុប្បន្ន។ អាកប្បកិរិយានៃការផ្លាស់ប្តូរចិត្តរបស់ពួកគេវិញនេះ គឺគួរឲ្យខ្លាចខ្លាំងណាស់ នៅពេលដែលយើងប្រៀបធៀបទៅនឹងស្ថានទម្ងន់ឧក្រិដ្ឋកម្ម ដែលពួកគេបានប្រព្រឹត្ត»។
ជាការឆ្លើយតបទៅនឹងការតវ៉ាដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្យាថានឹងដោះស្រាយយ៉ាងតឹងរឹងជាមួយសកម្មជនដែលបានបង្ហោះសាររិះគន់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយសន្យានិងចាត់វិធានការច្បាប់ដើម្បីហាមឃាត់“ អំពើអរិភាព” នៅតំបន់ព្រំដែន។ ប៉ុន្តែលោក Jang Kum Chol បាននិយាយថារហូតមកដល់ពេលនេះអាជ្ញាធរកូរ៉េខាងត្បូងគ្រាន់តែនិយាយលើបបូរមាត់ប៉ុណ្ណោះ ហើយពួកគេបានឆ្លៀតឱកាសដើម្បីបញ្ចេញនូវពាក្យរីករាយនៅមុខអ្នកដទៃដោយភាពស្ទាក់ស្ទើរ។
សម្រាប់ហេតុផលដូចគ្នានេះដែរ ទីក្រុងព្យុងយ៉ាងបានប្រកាសកាលពីថ្ងៃអង្គារដើម្បីកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េ។ការិយាល័យទំនាក់ទំនងរួមគ្នាដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨ ត្រូវបានបិទដោយកូរ៉េខាងជើងនៅប៉ុន្មានថ្ងៃខាងមុននេះ៕