ខេត្តបាត់ដំបង ៖ កម្មករអ្នកអូសរទេះនឹងអ្នករត់តាក់ស៊ីរួមទាំងអ្នកលក់ដូរតាមបេននីមួយៗដែលមានបេនឡានជាង6កន្លែង បាននាំគ្នាធ្វើបាតុកម្ម ដែលបង្កឡើងផ្ដើមចេញពីកម្មករអូសរទេះ ដោយមូលហេតុ មេការកម្មកររទេះដែលមានថៅកែផ្សារនិងម្ចាស់គ្រប់គ្រងបេនថ្មីបានកំណត់ឲ្យកម្មករអូសរទេះជាង ២០០ រទេះ អូសទំនិញភ្ញៀវ ទៅដាក់នៅបេនថ្មី បើមិនអូសទំនិញភ្ញៀវទៅដាក់នៅបេនថ្មីទេនឹងធ្វើការដកហូតអាវ ។
ប្រភពចេញពីកម្មករអូសរទេះនិងក្រុមឡានតាក់ស៊ីបានបង្ហើបប្រាប់អ្នកយកពត៌មានយើងឲ្យដឹងថា ថៅកែផ្សារថ្មីបានបង្ខំឲ្យអ្នករទេះអូសទំនិញភ្ញៀវមកដាក់នៅបេនថ្មី អ្នកមិនអូសយកទៅដាក់បេនថ្មីទេនិងដកហូតអាវ រទេះ មិនឱ្យគាត់ចូលរកស៊ីធ្វើការនៅថៃទៀតឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា បេនដ៌ទៃមិនឲ្យអូសចូលដែលជាហេតុធ្វើឱ្យអ្នករត់តាក់ស៊ីនិងអ្នកលក់ដូរនៅតាមបេននីមួយៗស្រែកត្អូញតែ្អថាដាច់បាយគ្មានចំណូលប្រចាំថ្ងៃ គ្មានលុយបង់អង្គការ កើតក្តីខឹងសម្បារចំពោះម្ចាស់បេនថ្មីនិងមេការរទេះ ដែលគំរាមកំហែងលើអ្នកអូសរទេះឲ្យអូសចូលតែបេនថ្មី ធ្វើឲ្យគាត់គ្មានចំណូល ក៌មានការជួបជុំគ្នាបាតុកម្មប្រឆាំងទៅនិងមេការដែលមានសញ្ជាតិជាខ្មែរទទួលការងារគ្រប់គ្រងឲ្យជនជាតិថៃម្ចាស់ផ្សារថៃ ហើយប្រើគំនាបមកលើកម្មករគ្នាឯង។ ការជួបជុំគ្នាធ្វើបាតុកម្មគឺក្នុងគោលបំណងសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធពិសេសសូមឲ្យលោកអភិបាលស្រុកចេញមកជួយដោះស្រាយពួកគាត់ ដោយឲ្យមានការអនុវត្តទៅតាមគោលកាចាស់ដដែល។ គឺតម្រូវទៅតាមភ្ញៀវដែលគាត់ចង់ទៅ ដូចជាបេនដើមទឹកដោះគោ បេន ២៣ វិច្ឆិកា បេនតាវណ្ណ បេនផ្សារចាស់ឬប៊បេន សិនឃីមចាស់ជាដើម។ល។
ជាចុងក្រោយពួកគាត់សំណូមពរថាមិនត្រូវឲ្យថៅកែផ្សារថៃមានសិទ្ធិឲ្យអ្វីមកបញ្ជាលើខ្មែរទេ និងសំណូមពរឱ្យមេការគ្រប់គ្រងរទេះកុំប្រើគំនាបមកលើខ្មែរដែលជាកម្មករដូចគ្នា អាងអីដកហូតអាវមិនអោយរកស៊ី និងសុំឱ្យអនុវត្តទៅតាមរបៀបចាស់ទៅបានហើយ។
ជុំវិញករណីការដែលកម្មករអូររទេះតវ៉ានៅចំណុចខាងលើ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង នៅព្រឹកថ្ងៃដដែលបានចេញមុខមកសម្របសម្រួលយល់ព្រមតាមសំណើរបស់កម្មករ នឹងសន្យា ធ្វើការចរចាជាមួយភាគីថៃដើម្បីសម្រេចបំណងកម្មករដែលចង់បាន។
លោកអភិបាលស្រុកបានសំណូមពរ ហើយឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បំបែកជួរដើម្បីទៅរកស៊ីរៀងៗខ្លួន លោកបានសន្យានឹងធ្វើការសម្របសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមសំណូមពរ។
បន្ទាប់ពីលោកបានជួបចរចាជាមួយភាគីថៃម្ចាស់ផ្សាររួមនិងម្ចាស់បេនថ្មីរួចមក ក៏មានការត្រូវគ្នាហើយបានឯកភាពតាមសំណូមពររបស់ពលករឲ្យអនុវត្តន៏ទៅតាមគោលការណ៍ដើម។
ក្រោយមានការសម្របសម្រួលជាមួយលោកអភិបាលស្រុកនិងម្ចាស់បេនថ្មីរួចមក កម្មករអ្នករត់តាក់ស៊ីនិងអ្នកលក់ដូរតាមបេនឡានបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុកផងដែរ ដោយបានជួយដោះស្រាយឲ្យពួកគាត់បំបែកគ្នារកស៊ីរៀងខ្លួនៗតាមច្បាប់ចាស់នៅថ្ងៃដដែលផងដែរ ៕