រាជធានីភ្នំពេញ ៖ នៅក្នុងសន្និសីទមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាមន្រ្តីរាជការ គួរចៀសវាង ការធ្វើដំណើរទៅក្រៅប្រទេស បើសិនជាគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត បើមិនចាំបាច់ទេ នៅក្នុងដំណាក់កាលនេះគួរតែផ្អាក ហើយកាត់បន្ថយនូវការធ្វើដំណើររបស់យើងទៅក្រៅប្រទេស»។ លោកស្រីបានបន្តថា តែបើសិនជាខានមិនបានទេ មានការអនុញ្ញាតពីថ្នាក់ដឹកនាំកម្រិតណាមួយ មន្រ្តីអាចទៅបាន ប៉ុន្តែពេលត្រឡប់មកវិញ ត្រូវព្យាយាមអនុវត្តវិធានការការពារខ្លួន ដែលត្រូវតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល១៤ថ្ងៃ ដើម្បីការពារកុំឱ្យមានការចម្លងកូវីដ១៩ទៅគ្រួសារ ឬអ្នកដទៃទៀត។
មួយវីញទៀត កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងដើម្បីជួយដល់ ប្រជាពលរដ្ឋកម្ពុជា ។ នេះជាការថ្លែងបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិង អ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រីបានបញ្ជាក់បន្ថែមថា ប្រទេសចិនប្រកាសថា ខ្លួនរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃនេះ គ្រាន់តែការស្រាវជ្រាវបឋមតែប៉ុណ្ណោះ។ លោកស្រីថា ដើម្បីឱ្យវ៉ាក់សាំងនេះ ទទួលស្គាល់ជាផ្លូវការ លុះត្រាតែអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើតេស្ត និងប្រកាសទទួលស្គាល់ជាផ្លូវការ ហើយអន្តរជាតិអាចយកទៅប្រើប្រាស់បាន។
ទន្ទឹមនោះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ ហើយថា ក្រសួងសុខាភិបាលមិនមានតម្រូវឱ្យយកលុយពីអ្នកដែលត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទេ ទោះជារកឃើញថា មានផ្ទុក ឬមិនមានផ្ទុកមេរោគ ដែលកំពុងតែឆ្លងរាលដាលនេះក៏ដោយចុះ។
លោកស្រីបញ្ជាក់ថា រាល់ការចំណាយលើការធ្វើតេស្តស្វែងរក មេរោគកូវីដ១៩ទាំងអស់គឺរដ្ឋជាអ្នកចំណាយទាំងអស់ ។ លោកស្រីក៏បានច្រានចោលផងដែរចំពោះការផ្សព្វផ្សាយដែលថា អ្នកដែលធ្វើតេស្តរកមិនឃើញមេរោគកូវីដ១៩ តម្រូវឱ្យបង់លុយ។
លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងឲ្យដឹងដែរថា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ។ លោកស្រីបញ្ជាក់ថា ជាមធ្យមក្នុងមួយគ្រួសារមានសមាជិក៣នាក់ ដូច្នេះយើងអាចគុណ នឹងចំនួនអ្នកឆ្លងចំនួន៣៥នាក់។ ប៉ុន្ដែក្រសួងបាននិងកំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងបន្ដទៅទៀតដោយគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ មិនទាន់មានការចម្លងណាមួយចូលទៅសហគមន៍នោះទេ ៕
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់។
អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៥នាក់នោះរួមមាន ៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕