ខេត្តកំពង់ធំ ៖ រូបសំណាកដាវដែកកំពង់ស្វាយ ត្រូវបានរៀបចំពិធីអភិសេកនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងសិស្សានុសិស្ស និងពលរដ្ឋយ៉ាងច្រើនកុះករ។
អាជ្ញាខេត្តកំពង់ធំ បានរៀបចំពិធីដោយ ប្រសិទ្ធីបែកស្បៃដាវដែក និងកម្មវិធីបន្តបន្ទាប់តាមប្រពៃណី ដែលក្នុងនោះមានខ្លឹមសារបទចម្រៀងភ្លេងការថា៖ «ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែកេរ្តិ៍ពីឪពុក ស្រោមកេរ្តិ៏ពីម្ដាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ»។ រូបសំណាកដាវដែកកំពង់ស្វាយ នេះមានប្រវែង ៦.៤ម៉ែត្រ ទទឹង ០.៤៥ម៉ែត្រ កម្រាស់ខ្នងគល់ដាវ ០.៧០ម៉ែត្រ ផ្នែកគល់ដាវ ០.៣០ម៉ែត្រ ផ្នែកចុងដាវ ០.២០ម៉ែត្រ និងផ្នែកមុខដាវ ០.១០ម៉ែត្រ នៅត្រង់ចំណុចផ្លូវបំបែក សៀមរាប និងព្រះវិហារ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដែលជាទីតាំងដើមកំណើតប្រវត្តិដាវដែកនេះ ។
ទន្ទឹមនោះឯកឧត្តម គណៈអធិបតីបានបួងសួងសូមបារមីមហាវីរបុរសខ្មែរគ្រប់សម័យកាលសូមមកសណ្ឋិតលើរូបសំណាក ដាវដែកកំពង់ស្វាយនេះ ដើម្បីជួយប្រោះព្រំថែរក្សាបងប្អូនប្រជាពលរដ្ឋ និងប្រទេសកម្ពុជាឱ្យជួបតែសេចក្តីសុខចំរើន និងទទួលបានសុខសន្តិភាពជារៀងរហូតតទៅ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដោយសារតែកត្តាសន្តិភាព បានធ្វើឲ្យខេត្តកំពង់ធំ មានការរីកចម្រើន ស្រុក ខេត្ត ក្រុងរបស់យើង ឲ្យទទួលបានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ជួយគ្នាថែរក្សា សួនច្បារ ថែរក្សាអនាម័យ និងរូបសំណាក់ស័ក្កិសិទ្ធឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានយល់អំពីរូបសំណាកដាវដែកនេះ។
ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំបានបន្តមានប្រសាសន៍ថា អរគុណសន្តិភាព! អរគុណសម្ដេចតេជោហ៊ុនសែន មានសន្តិភាពទើបមានការអភិវឌ្ឍន៍ខេត្តកំពង់ធំពេលនេះកំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់។ ហើយភាពរីកចំរើនទាំងអស់នេះក៏បានកើតឡើងរួមចំណែកដោយកម្លាំងសាមគ្គីគ្នាដោយមានការចូលរួមយ៉ាងសកម្មពីបងប្អូនជាពលរដ្ឋផងដែរ ទើបធ្វើអោយខេត្តយើង មានមុខមាត់ថ្មី ជាក្នុងប្រវត្តិសាស្រ្តនេះឡើង៕