ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន ជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានាជុំវិញវិបត្តិជំងឺកូវីដ។ ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។
ក្រោយពីពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់វិធានការ និងណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ក៏ដូចជាវិស័យឯកជន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ ចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ ក្នុងក្រុងសៀមរាប ៕