ខេត្តកំពង់ធំ ៖ ដើម្បីចូលរួមថែរក្សានូវទំនៀមទម្លាប់វប្បធម៌ប្រពៃណីនិងសម្បត្តិធម្មជាតិឲ្យបានគង់វង្សយូរអង្វែងប្រជាពលរដ្ឋភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំពិធីពិធីឡើងអ្នកតា និងបំបួសដើមឈើនៅក្នុងព្រៃសហគមន៍ឃ្មុំស្រករថ្លុកឬស្សី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំពិធីឡើងអ្នកតានេះ គឺមានតាំងពីយូរយារណាស់មកហើយ ហើយពេលនេះបងប្អូនប្រជាពលរដ្ឋបានរៀបចំពិធីឡើងអ្នកតានេះ គឺដើម្បីជាកម្លាំងសាមគ្គីមួយក្នុងការបណ្ដេញនូវឧបទ្រពចង្រៃ និងដើម្បីសុំសេចក្តីសុខព្រមទាំងសុំទឹកភ្លៀង ដើម្បីស្រោចស្រពភោគផលរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដើម្បីរក្សាទុកឱ្យបានយូរអង្វែងដល់ក្មេងជំនាន់ក្រោយបានដឹងបានឃើញនិងបានឮ ។
លោកបន្តថា ការឡើងអ្នកតាគឺជាការបង្ហាញចាស់ស្រុកដែលបានទទួលមរណភាពទៅរាប់រយឆ្នាំ គឺហៅថាអ្នកតាដោយលើកឈ្មោះមក ឧទ្ទិស ហើយការឡើងអ្នកតាដែរ គឺកាលណាមានរោងថ្មីគឺគេធ្វើពិធីដង្ហែជុំវិញរោងថ្មី ៣ ជុំ ដោយមានបទចម្រៀងផ្សេងៗនិងមានខ្លះគុនដាវគុនដំបងជាដើមពេលខ្លះកូនចៅអ្នកស្រុកមានការឈឺដង្កាត់បានយកកូនចៅមកឲ្យអ្នករូបស្តោះផ្លុំដើម្បីឲ្យបានជាសះស្បើយ ។ មួយទៀតនៅទីនេះដែលជាតំបន់ព្រៃឈើ គឺបានធ្វើពិធីបំបួសដើមឈើគឺជាគំនិតមួយរបស់ចាស់ស្រុក ដើម្បីឱ្យប្រជាពលរដ្ឋបានថែទាំព្រៃឈើដោយយកស្បង់ឬក្រណាត់មកព័ទ្ធជុំវិញដើមឈើក្នុងការថែរក្សាព្រៃឈើកុំឱ្យមានការកាប់បំផ្លាញជាដើម។
លោក អ៊ឹម គីម ជាសម្បត្តិសមាជិកសហគមន៍ឃ្មុំស្រករថ្លុកឬស្សីបានរៀបរាប់ថាសហគមន៍របស់លោកក៏កើតនៅឆ្នាំ ១៩៩៩ ដោយមានផ្ទៃដី ៦០១ ហិចតា តែមិនមានអ្នកណាបានជួយនោះទេ ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៨ នេះក៏មានអង្គការ AFD បានឧបត្ថម្ភនិងរៀបចំឱ្យកើតជាសហគមន៍នេះឡើង ដោយឱ្យក្លាយជាតំបន់នេះជាតំបន់ទេសចរណ៍មួយ ហើយប្រជាពលរដ្ឋនៅតំបន់នោះមានការស្រលាញ់ទើបបាននាំគ្នាមកចូលរួមថែរក្សា។ លោកបានបន្តថា ព្រៃឈើវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ពួកគាត់អាចរកប្រាក់ចំណូលគ្រប់រដូវកាល ក្នុងនោះក៏មានបញ្ហា ប្រឈមដោយសារមានជនខិលខូច លួចអារដើមឈើខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ ចុងក្រោយបានលោកសំណូមពរដល់ ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ដែលជាធនធានធម្មជាតិ ទ្រព្យសម្បត្តិយើងទាំងអស់គ្នា ព្រោះវាជាអាយុជីវិតរបស់យើងទាំអស់គ្នា ។
យើងឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិ នៅទីជិតទីឆ្ងាយ បាននាំគ្នាមកធ្វើពិធីនេះ ដោយចូលរួមជាកម្លាំងសាមគ្គីមានការដាំស្លជាដើម។ការមកធ្វើពិធីនេះ គឺដើម្បីសុំសេចក្តី សុខ ដើម្បីរៀបចំទីសក្ការៈបូជាក្នុងការដេញ ឧបទ្រពចង្រៃ ហើយចង់រក្សាព្រៃឈើនេះឲ្យបានកូនចៅបានឃើញសប្បាយរីករាយ ក្លាយជាព្រៃតំបន់សហគមន៍ ហើយចង់ក្លាយជាឱ្យក្លាយ ជាតំបន់ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋមានចំណូលទៅមុខ និងមានភាពរីកចម្រើន ៕