ខេត្តព្រះសីហនុ ៖ បន្ទាប់ពីបានស្រាវជ្រាវករណីនាវា COURAGEOUS ដែលបានបោះយុថ្ការំលោភចូលដែនទឹកកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ នេះបើតាមលោក លឹម ប៊ុនហេង អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា នាវាមួយគ្រឿងនេះ ជាប្រភេទនាវាដឹកប្រេងរបស់ជនបរទេស ដែលចូលដែនទឹកកម្ពុជា ក្នុងចន្លោះកោះតាង និងកោះពូលូវ៉ៃ ដោយគ្មានការអនុញ្ញាត ។
នាវាដែលបានឃាត់នេះមានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាននាវឹកចំនួន១៦នាក់បានចេញពីកំពង់ផែ KAO HSIUNG នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវានេះ បានបោះយុថ្កានៅចំណុចនិយាមការ N10០05.1300’, E103o07.8593’ ដើម្បីរង់ចាំបទបញ្ជាជាថ្មីពីថៅកែ។
បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ឃាត់កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្ននាវាខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលព្រំដែនទឹក នាំចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ៕