រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកម្លាំងសមត្ថកិច្ចបង្ក្រាបបានបង្ហាញមុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ខណដែលសមត្ថកិច្ចសហការចាប់បាន២នាក់ ។
កម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនសង្ស័យ ២នាក់
១/ឈ្មោះ ថូ ថុន ហៅ ផូ ថុន អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ផុន រិទ្ធី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ។
ដកហូតវត្តុតាង៖
-កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៤
-ម៉ូតូ០១គ្រឿង ម៉ាកAIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1BY-1688, ដែកអក្សរ T និងថ្នាំបំពុលឆ្កែ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ថូ ថុន ហៅ ផូ ថុន បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធ ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ កង នី ចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់។
ដោយឡែកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះម្នាក់ នៅផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយយកបានម៉ូតូមួយគ្រឿងម៉ាក Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AG-0104។ បង្កឲ្យជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើង ដោយសារជនសង្ស័យបាញ់។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានបញ្ជាក់ថា រូបគេធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ នៅខេត្តកំពត រយ:ពេល១៣ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៕