ខេត្តកំពង់ធំ ៖ ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើររចនាសម្ធ័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុកនៃការផ្ទេរសិទ្ធិ ផ្ទេរអំណាច មុខងារ និងធនធាន លើការគ្រប់គ្រងប្រើប្រាស់ធនធានទាំងអស់ លើការគ្រប់គ្រងចាត់ចែងច្បាស់លាស់ នឹងធ្វើឲ្យការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។
ឯកឧត្តមបន្តថា ការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍមូលដ្ឋាន ការបម្រើសេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមជាមួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យសេដ្ឋកិច្ច និងសង្គម មានភាពរីកចម្រើនឆាប់រហ័សដែលកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់មធ្យមក្នុងរង្វង់ ៧{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពីរទសវត្សន៍កន្លងមកនេះ។ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងមក កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧.១{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1}លើសពីការព្យាករណ៏ ដែលផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗបានកើនឡើងពី១.៥៤៨ ដុល្លាសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០១៨ ដល់១.៦៧៩ដុល្លាសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០១៩។
ឯកឧត្តមបន្ថែមថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ អនុវត្តនៅថ្នាក់ ឃុំ សង្កាត់ នៅឆ្នាំ២០០២ ស៊ីជម្រៅលើការអនុវត្តតាមគោលនយោបាយលទ្ធិប្រជាធិបតេយ្យ និងចាប់ផ្តើមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិកំណត់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៩មក។
ឯកឧត្តមមានប្រសាសន៏សង្កត់ធ្ថន់ថា ក្នុងបរិបទប្រទេសកម្ពុជា អនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ មានគោលបំណង សំខាន់ចំនួន៣ គឺ ទី១. ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះដល់មូលដ្ឋានតាមរយៈការបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន និងទី៣ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចពាក់ព័ន្ធការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លើកឡើងដែរថា ដើម្បីឆ្លើយតប នូវការអនុវត្តរចនាសម្ព័ន្ធថ្មី ធ្វើឲ្យការអភិវឌ្ឍក្រុង និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល ក្នុងក្របខណ្ឌរដ្ឋបាលក្រុងស្ទឹងសែន មានរៀបចំការិយាល័យច្រកចេញចូលតែមួយ ដែលជាការិយាល័យបម្រើ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងសកម្ម គ្រប់គ្រងលើវិស័យចំនួន១០ រួមមាន៖ វិស័យសាធារណៈការ និងដឹកជញ្ជូន វិស័យទេសចរណ៍ វិស័យដែនដីនគរូបនីកម្ម និងសំណង់ វិស័យពាណិជ្ជកម្ម, វិស័យនីត្យានុកូលកម្ម វិស័យអប់រំយុវជន និងកីឡា វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ៕