អន្តរជាតិ ៖ ក្រសួងសុខាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមករា ថា ករណីដំបូងនៃការឆ្លងវីរុសដ៏សាហាវនៅប្រទេសចិនត្រូវបានរកឃើញនៅក្នុងតំបន់ស្តានប៊ឺក (Starnberg) ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CAN។
ក្រសួងសុខាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសម្នាក់នៅទីក្រុង Starnberg ភាគខាងត្បូងប្រទេស ហើយពេលនេះអ្នកជំងឺត្រូវបានគេដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល។ អាជ្ញាធរអាល្លឺម៉ង់មិនបានបញ្ជាក់ថា តើអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅតំបន់ Starnberg នោះជាជនជាតិអ្វី មានអាយុប៉ុន្មាន ក៏ធ្លាប់ធ្វើដំណើរការទៅណាខ្លះនោះឡើយ ដោយត្រឹមតែបញ្ជាក់ថា រូបគេស្ថិតនៅក្នុងស្ថានភាពល្អ ។
អាល្លឺម៉ង់បានក្លាយជាប្រទេសទីពីរនៅទ្វីបអឺរ៉ុបបន្ទាប់ពីបារាំង ដែលមានករណីឆ្លងវីរុសកូរ៉ូណាថ្មីកាចសាហាវ។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លងជាង ៤,០០០នាក់ ក្នុងនោះស្លាប់១០៦នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី
ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួន ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ។ គិតពេលនេះប្រទេសសរុបចំនួន ១៥ហើយទូទាំងពិភពលោក ដែលបានកើតមានករណីឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី៕