ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយកម្លាំងទាំងបី ដែលប្រចាំបញ្ជា ដើម្បីការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យធំៗដូចជា បុណ្យឯករាជ្យជាតិ ពិធីហូបអំបុកខ្មែរ ៩/១១/២០១៩និងពិធីបុណ្យអកអំបុក សំពះព្រះខែ និងថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងសមត្ថកិច្ចទាំង ៣ស្ថាប័ន ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំសូមអំពាវនាវដល់កងកម្លាំងទាំងអស់ ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលយើងកំពុងតែមានដូចសព្វថ្ងៃនេះអោយបានជាដាច់ខាត ហើយការពាររាជរដ្ឋាភិបាលដែលកើត ចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ឬក្រុមដែលចង់បង្កអស្ថេរភាពសង្គម ដោយមិនអោយក្រុមនេះធ្វើអ្វីបានជាដាច់ខាត។