អន្តរជាតិ ៖ រដ្ឋាភិបាលថៃបានបន្តការមិនយកថ្លៃទិដ្ឋាការដល់់ភ្ញៀវមកដល់រយៈពេល៦ខែទៀត ដើម្បីលើកកំពស់ចំនួនទេសចរបរទេសចូលមកលេងប្រទេសថៃ។ អ្នកនាំពាក្យរងនៃរដ្ឋាភិបាលថៃ ឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃ២២ តុលា បានអនុម័តការបន្តការមិនយកថ្លៃទិដ្ឋាការពេលមកដល់សំរាប់ពេល៦ខែទៀត រហូតដល់ខែមេសាឆ្នាំក្រោយ។
ការមិនយកថ្លៃទិដ្ឋាការ ត្រូវបានអនុវត្តចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន និងត្រូវផុតពេលកំណត់នៅចុងខែនេះ។ការលុបចោលទិដ្ឋាការថ្លៃ២០០០បាត(៦៦ដុល្លារ) ចាប់តាំងពីពេលនោះមក បាននាំអោយកើនចំនួនភ្ញៀវបរទេស១២០ភាគរយ ទោះជារដ្ឋបានខាតបង់ចំណូល១០,៧៦ពាន់លានបាត(៣៥៥លានដុល្លារ)។ អ្នកនាំពាក្យបានបន្ថែមថា ការខាតបង់នេះវាមិនសំខាន់ទេបើធៀបនឹងការចំណាយរបស់អ្នកទេសចរប្រមាណ១៤៤,៧៣ពាន់លានបាត(៤,៧៧ពាន់លានដុល្លារ)។
ចំណាត់ការនេះជាផ្នែកនៃវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក រួមមានការលើកទឹកចិត្តសំរាប់អ្នកទេសចរក្នុងស្រុក ឥណទានអនុគ្រោះ និងការកាត់បន្ថយកំរៃជួញដូរខាងអចលនទ្រព្យ។ រដ្ឋាភិបាលក៏បានលៃប្រាក់១៩ពាន់លានបាតទុកសំរាប់ជំរុញទេសចរណ៍ក្នុងស្រុក ក្នុងនោះ១០ពាន់លានបាតសំរាប់អាជ្ញាធរទេសចរណ៍ថៃ៕