ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី ២១ ២២ ខែតុលា ឆ្នាំ២០១៩ មន្រ្ដីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានចុះបង្ក្រាបទីតាំងស្តុកឈើ រាយប៉ាយតាមដងផ្លូវមុខផ្ទះ បែបអាណាធិបតេយ្យមួយកន្លែង ដឹកនាំដោយលោក តុង យី ជានាយរងខណ្ឌ និងអាជ្ញាធរស្រុកប្រាសាទសំបូរ ដឹកនាំដោយលោក ម៉ាន់ សារ៉ាត់ រួមជាមួយនឹងអាជ្ញាធរ ភូមិ ឃុំ រួមជាមួយកងកម្លាំងទាំងបីប្រភេទដែលស្ថិតនៅក្នុងភូមិស្រើង ភូមិថ្មី នៃឃុំស្រើង ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។
លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាបនិងអនុវត្តច្បាប់ស្ដីពីព្រៃឈើ នៅថ្ងៃទី ២១និង២២នេះ គឺយោងទៅលើខ្លឹមសារអ្នកសារព័ត៌មានដែលបានចុះផ្សាយថា មានទីតាំងស្តុកឈើ លក្ខណៈអាជីវកម្ម ដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ កំពុងតែធ្វើចរាចរយ៉ាងគគ្រឹកគគ្រេង ហើយសម្ថត្តកិច្ច និងអាជ្ញាធរ មិនបានធ្វើការបង្ក្រាបទេ ហេតុដូច្នេះហើយទើបមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តឱ្យខាងសមត្ថកិច្ចជំនាញក៏ដូចជា អាជ្ញាធរ រួមជាមួយនិងកងកំលាំងទាំងបី ធ្វើការចុះពិនិត្យដល់ទីតាំងខាងលើនេះ។
លោក ម៉ាន សារ៉ាត់ អភិបាលរងស្រុកប្រាសាទសំបូរ ក្នុងនាមជាអាជ្ញាធរ លោកមិនបានព្រងើយកន្តើយ នោះទេ លោកតែងតែ ធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយល់អំពីច្បាប់ ប៉ុន្តែបើយោងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទាំងអស់ គឺជាទម្លាប់របស់ពួកគាត់ដែលធ្វើការរកទទួលទានពឹងផ្អែកទៅលើផល អនុផលព្រៃឈើ នៅតំបន់នោះដោយមិនមានមុខរបរអ្វីនោះទេ ទោះបីដឹងថាមុខរបស់នេះ ខុសនឹងច្បាប់ក៏ដោយ បញ្ហាទាំងអស់នេះហើយដែលលោកក្នុងនាមជាអាជ្ញាធរស្រុកតែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយយ៉ាងខ្លាំង។
បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើបានបញ្ជាក់ថា ឈើដែលពួកគាត់បានកាប់យកមក សម្រាប់ជាមុខរបរលក់ដូរចិញ្ចឹមឆ្នាំងបន្តិចបន្តួចនេះមិនបានកាប់ចេញពីតំបន់ព្រៃសហគមន៍ឬក៏ព្រៃការពារផ្សេងៗនៅជិតក្បែរតំបន់នោះទេមិនដូចអ្វី ខាងសារព័ត៌មានបានចេញផ្សាយនោះទេ គឺលោកបានកាប់នៅតាមដីចម្ការរបស់ពួកគាត់ដែលបានធ្វើការអាស្រ័យផល ហើយមានដើមឈើ នៅសេសសល់តាមព្រំចម្ការឈើទាំងអស់នោះមានដូចជា ចំបក់ ធ្លក ជ្រៃ ដើមម្លប់ និងមានព្រៃ ដោយឈើទាំងអស់នេះ ឈើខ្លះ បានច្នៃទៅជាក្តារសម្រាប់បិទបាំងជញ្ជាំងផ្ទះ របស់ពួកគាត់មួយចំនួនដែលនៅសេសសល់ បានច្នៃទៅជាអុសធ្យូងដើម្បីលក់យកលុយចិញ្ចឹមក្រពះ ចំណែកឯកូនឈើមូល គឺបានធ្វើជាសរសររោងហើយនិងសេសសល់លក់ទៅឲ្យបងប្អូនដែលមានតម្រូវការ ប្រើប្រាស់ផ្សេងៗទៀត។ ហើយអ្នកភូមិគាត់ទើបតែ ធ្វើការកាប់ឈើនេះយកមកដាក់តាមផ្លូវមុខផ្ទះនៅពេលថ្មីៗនេះ គឺនៅក្រោយពេលភ្ជុំបិណ្ឌ។
បើតាមការបញ្ជាក់ពីលោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនិងអនុវត្តច្បាប់ស្ដីពីព្រៃឈើ ក្នុងរយៈពេលពីរថ្ងៃនេះ គឺលទ្ធផលសម្រេចបានរឹបអូសយកឈើមូល បានចំនួន ៥៩ កំណាត់ និងកូនឈើចំនួន១៥៥ ដើមហើយក៏បានដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំរួចរាល់ ។ ហើយលោកនៅតែបន្តចុះបង្ក្រាបដូចភ្លៀងរលឹមនៅថ្ងៃបន្តបន្ទាប់ទៀត ៕