អន្តរជាតិ ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកហូតតំណែងទាំងអស់ពីអ្នកម្នាងរបស់ទ្រង់ព្រះជន្ម៣៤វស្សាសម្រាប់ “ភាពមិនស្មោះត្រង់” និង “មហិច្ឆតា” ក្នុងការដណ្តើមតំណែងរបស់ព្រះមហាក្សត្រីយានី។
អតីតអង្គរក្សឈ្មោះ Sineenat Wongvajirapakdi ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា “Koi” ត្រូវបានប្រគល់ងារនេះនៅថ្ងៃបុណ្យចម្រើនព្រះជន្មគម្រប់៦៧ព្រះវស្សាកាលពីថ្ងៃទី២៨ខែកក្កដា។ ប៉ុន្មានថ្ងៃក្រោយមក ព្រះបរមរាជវាំងបានបញ្ចេញរូបភាពរបស់ព្រះនាង Sineenat កាត់សក់ខ្លីក្នុងឈុតប្រយុទ្ធដោយបាញ់កាំភ្លើង បើកយន្តហោះចម្បាំងនិងត្រៀមលោតឆ័ត្រយោងចេញពីយន្តហោះព្រមទាំងកាន់ព្រះហស្តរបស់ព្រះមហាក្សត្រផងដែរ។
វាគឺជាការបង្ហាញយ៉ាងកម្រអំពីជីវិតឯកជនរបស់ស្តេចដែលមានអំណាចនិងមានទ្រព្យស្តុកស្តម្ភដែលត្រូវបានគេស្គាល់ថា រ៉ាម៉ាទី១០នៃរាជវង្សចក្រី។ ប៉ុន្តែកាលពីថ្ងៃចន្ទ ការផ្លាស់ប្តូរយ៉ាងលឿននិងរឿងរ៉ាវជាសាធារណៈរបស់ព្រះនាង Sineenat ត្រូវបានផ្សាយតាមទូរទស្សន៍ជាតិ។
ព្រះនាងត្រូវបានបញ្ចប់ឋានៈគោរម្យងារជា “ចៅពញាឃុន” ដោយសារភាពមិនស្មោះត្រង់នឹងព្រះរាជាព្រមទាំងធ្វើសកម្មភាពប្រឆាំងនឹងការតែងតាំងព្រះមហាក្សត្រីយានី Suthida សម្រាប់មហិច្ឆតាផ្ទាល់ខ្លួនផងដែរ។ ព្រះនាង Suthida ដែលជាអតីតអនុប្រធានកងអង្គរក្សរាជវង្សត្រូវបានតែងតាំងជាព្រះមហាក្សត្រីយានីក្នុងខែឧសភាដោយបានក្លាយជាមហេសីទីបួនរបស់ព្រះអង្គម្ចាស់ Vajiralongkorn។
គួរបញ្ជាក់ថា របបរាជានិយមថៃត្រូវបានការពារដោយច្បាប់បរិហារកេរ្តិ៍ដ៏តឹងរ៉ឹងដែលធ្វើឲ្យការពិភាក្សាដោយបើកចំហលើស្ថាប័ននេះសម្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅក្នុងប្រទេសគឺមិនអាចទៅរួចទេ៕