អន្តរជាតិ ៖ យោងតាមប្រភពពីសារព័ត៌មាន CNA កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា បានឲ្យដឹងថា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងក្រុមអ្នកតវ៉ានិងប៉ូលីសប្រឆាំងកុបកម្មនៅទីក្រុងហុងកុង នៅពេលមនុស្សរាប់ពាន់នាក់បានដើរក្បួននៅទីក្រុងដែលហែកហួរគ្នាក្នុងកំឡុងពេលនៃការតវ៉ា ក្នុងគោលបំណងដើម្បីប្រឆាំងមុនថ្ងៃខួប៧០ឆ្នាំរបស់គណបក្សកុម្មុយនិស្តចិន។
ទីក្រុងប៉េកាំងកំពុងត្រៀមរៀបចំពិធីបុណ្យដ៏ធំនិងគួរឱ្យចាប់អារម្មណ៍ដែលនឹងប្រារព្ធឡើងនៅថ្ងៃអង្គារស្អែកនេះ ដើម្បីរម្លឹកដល់ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះដែរក៏មានក្បួនព្យុហយាត្រាយោធាដ៏ធំមួយដែលនឹងបង្ហាញឱ្យឃើញនូវការលេចចេញជាប្រទេសមហាអំណាចពិភពលោក។
ប៉ុន្តែភាពវឹកវរដែលកំពុងបន្តនៅហុងកុងបានគំរាមដល់ការប្រារព្ធពិធីទាំងនោះ នៅពេលដែលទីក្រុងពាក់កណ្តាលស្វ័យតមួយនេះកំពុងពុះកញ្ជ្រោលដោយកំហឹងសាធារណៈ ជុំវិញការលុបបំបាត់សេរីភាពពិសេសរបស់ខ្លួន ក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង។
ក្រុមអ្នកតវ៉ានៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុបានប្តេជ្ញាធ្វើយុទ្ធនាការជិត ៤ ខែ របស់ពួកគេ មុនការប្រារព្ធទិវាជាតិនៅថ្ងៃអង្គារស្អែកនេះដែលពួកគេបានដាក់ឈ្មោះថាជា“ ទិវានៃទុក្ខព្រួយ”។
សូមជម្រាបថា ការប៉ះទង្គិចគ្នាខ្លាំងបំផុតបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងកាំភ្លើងបាញ់ទឹកអស់រយៈពេលជាច្រើនម៉ោងក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាជាមួយក្រុមបាតុករដែលកំពុងកាន់ដោយដុំថ្មនិងគ្រាប់បែកសាំង៕