អន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ដោយមិនស្គាល់អត្តសញ្ញាណ នៅព្រឹកថ្ងៃអង្គារ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់មន្ត្រីការទូតជាន់ខ្ពស់ម្នាក់បានប្រកាសថា ក្រុងព្យុងយ៉ាងនឹងមានឆន្ទៈបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ។
JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់មីស៊ីលរយៈចម្ងាយខ្លីត្រូវបានបាញ់ចេញពីតំបន់ Kaechon ក្នុងខេត្ត South Pyongan ឆ្ពោះទៅកាន់សមុទ្រជប៉ុន និងបានហោះចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ។
ការបាញ់បង្ហោះនេះបានកើតឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោក ចូសឺនហួយ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុងព្យុងយ៉ាងមានឆន្ទៈដើម្បីពិភាក្សាយ៉ាងទូលំទូលាយជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ តាមពេលវេលា និងទីកន្លែងដែលត្រូវព្រមព្រៀងគ្នា។
ការបាញ់សាកល្បងមីស៊ីលពីរគ្រាប់ នៅថ្ងៃអង្គារនេះគឺជាលើកទី៨ហើយ របស់កូរ៉េខាងជើងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅឯព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរកាលពីខែមិថុនាកន្លងទៅ ៕