រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានដាក់ចេញវិធានការចាំបាច់ចំនួន ៦ចំណុច ដើម្បីទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់។
តាមរយៈសារាចរណែនាំរបស់នាយករដ្ឋមន្ត្រីវិធានការទាំង៦ចំណុចនោះរួមមាន ៖ទី១/ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាត់វិធានការចាំបាច់ និងបន្ទាន់ដើម្បីបង្ការ ទប់ស្កាត់ការ ឆ្លងរាលដាលជាទ្រង់ទ្រាយធំ នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយធ្វើការតាមដាន ស្រាវជ្រាវឱ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វជ្រូកនៅទូទាំងប្រទេស និងអនុវត្តវិធានជីវសុវត្ថិភាព វិធានការអនាម័យនៅកន្លែងចិញ្ចឹមសត្វ ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីជំងឺប៉េស្តជ្រកអាហ្វ្រិក និងវិធានការការពារ។
-ទី២/ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ធ្វើចត្តាឡីស័ក ឃាត់ទុក ឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ដែលលួចនាំចូលដោយខុសច្បាប់ ទៅតាមវិធានការបសុព្យាបាល និងបទដ្ឋានបច្ចេកទេស។
-ទី៣/ ការនាំចូលជ្រូកពូជ ជ្រូកយកសាច់ សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ សម្រាប់បំពេញតម្រូវការ នៃការចិញ្ចឹមក្នុងស្រុក បម្រើសេចក្តីត្រូវការម្ហូបអាហារ និងសម្រាប់ពិសោធន៍ស្រាវជ្រាវ ដាច់ខាតត្រូវមានការត្រួតពិនិត្យរអនាម័យ និងសុខភាពសត្វតាមបទដ្ឋានបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-ទី៤/ ក្រសួងមហាផ្ទៃ ត្រូវដាក់បទបញ្ហាដល់អភិបាល នៃគណៈអភិបាលខេត្តតាមបណ្តោយព្រំដែន ឱ្យចាត់វិធានការម៉ឺងម៉ាត់ និងជាបន្ទាន់ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក គ្រប់ប្រភេទដែលខុសច្បាប់ និងគ្មានការអនុញ្ញាត តាមគ្រប់រូបភាព និងតាមគ្រប់មាត់ច្រកទាំងអស់។
-ទី៥/ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដាក់បទបញ្ជាដល់មន្ត្រីបានសមត្ថកិច្ចឈរជើងតាមព្រំដែន ឱ្យមានវិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ និងជាបន្ទាន់នូវការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ ប្រភេទដែលខុសច្បាប់ និងគ្មានការអនុញ្ញាត។
និងទី៦/ ក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលារាជធានី-ខេត្ត ត្រូវផ្តល់កិច្ចសហការ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបំពេញភារកិច្ចនេះ ទទួលបានជោគជ័យ៕