រាជធានីភ្នំពេញ ៖ ក្រោយការសាកសួរ តុលាការបានសម្រេចចោទប្រកាន់ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ទាំង ៣នាក់ ដែលពាក់ព័ន្ធនឹងអំពើពុករលួយចំនួន៣បទល្មើស រួមមាន ទី១ បទវិតិក្រម តាមក្រមព្រហ្មទណ្ឌ ទី២ បទរំលោភអំណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងទី៣ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ។
គួរម្លឹកថា កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូប ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ *ទី១ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ទី២ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងទី៣ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។ មន្ត្រីទាំង៣រូបនោះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់តែម្តង។
សូមបញ្ជាក់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។