ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ យាងចុះសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជារាស្ត្រជាកសិករជាង៤០០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិតានក ភូមិព្រៃខ្លា និងភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នៅក្នុងពិធីនេះក៏មានការយាង និមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅក្នុងឱកាសនោះ ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះកូន ចៅ ពីសម្តេចម៉ែ ដែលទ្រង់តែងតែនឹករលឹកចំពោះកូនចៅ ចៅទួតទាំងអស់ពីចម្ងាយ គ្រប់ពេលវេលា។ ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន៤៣៧គ្រួសារ ៕