ខេត្តកំពត ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំខេត្តកំពត ឯកឧត្តម ងី ចន្ទ្រ័ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកធ្វើអង្គសិក្ខាសាលា បូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយ ដែលមកពីបណ្ដា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយ និងតំណាងសង្គមស៊ីវិលដៃគូរអភិវឌ្ឍ សរុបសមាជិកមានប្រមាណ៤៣២នាក់។
ក្នុងឱ្យកាសនោះឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងពីវឌ្ឍនភាពនៃអង្គភាពការិយាល័យចកចេញចូលតែមួយរដ្ឋបាលខេត្តកំពត បច្ចុប្បន្ន បាននឹងកំពុងដាក់ឲ្យដំណើរការ ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ មានចំនួន១៤វិស័យ តាមរយៈការសម្របសម្រួលផ្នែកបច្ចេកទេសមន្ទីរអង្គភាពជំនាញក្នុងខេត្ត គិតចាប់ពីខែ កញ្ញាឆ្នាំ ២០១៨ ដល់ខែធ្នូ ឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយខេត្តកំពត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន១០.៦១៩សេវា នឹងទទួលបានចំណូលសរុបចំនួនប្រមាណជាង១.៥៧៣លានរៀល ។
ឯកឧត្តម ងី ច័ន្រ្ទថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ថាការធ្វើកំណែទម្រង់នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋគឺជាផ្នែកមួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ គឺក្នុងគោលបំណង លើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
ដូច្នេះ ការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជារូបភាពមួយនៃការធ្វើកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាតាមរយៈការប្រមូលផ្ដុំសេវា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យមកផ្ដុំនៅកន្លែងតែមួយ និងប្រគល់ឱ្យសម្រេច ទៅឱ្យថ្នាក់រដ្ឋបាលដែលនៅកៀកជិតនឹងប្រជាពលរដ្ឋជាអ្នកទទួលខុសត្រូវក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ននៅកម្ពុជាយើង ការបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងបានធ្វើប្រតិភូកម្មមុខងារផ្ដល់សេវារដ្ឋបាល មានចំនួន ២១១ប្រភេទសេវា លើវិស័យជំនាញចំនួន១០ គិតមកដល់ដំណាច់ឆ្នាំ២០១៩នេះ ការិយាល័យច្រកចេញចូលតែមួយ ថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌមានចំនួន១១៥ ក្នុងចំណោមក្រុងស្រុកខណ្ឌចំនួន ២០៣ នៃរាជធានី ខេត្តទាំង២៥ ដែលក្នុងនោះរួមមានរដ្ឋបាលក្រុងចំនួន២៧ រដ្ឋបាលស្រុកចំនួន៧៤ និងរដ្ឋបាលខណ្ឌចំនួន១៤ស្មើនឹង៥៧{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} នៃចំនួនរដ្ឋបាលក្រុងស្រុកខណ្ឌទូទាំងប្រទេស៕